ក្រុមអ្នកភូមិស្រយង់ ឃុំស្រយង់ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី៣០ ខែមីនា ថា ព្រៃដែលមានដើមឈើធំៗលាតសន្ធឹងលើផ្ទៃដីប្រមាណ២០០ -៣០០ហិកតារ កំពុងត្រូវបានក្រុមមនុស្សចំណូលថ្មីមកពីទីផ្សេងៗនាំគ្នាកាប់ជា រៀងរាល់ថ្ងៃដើម្បីវាតទីយកដីធ្វើកម្មសិទ្ធិ ហើយដុតបំផ្លាញឈើទាំងនោះចោលគួរឲ្យស្តាយ។
ប្រជាពលរដ្ឋបាននិយាយទៀតថា ការកាប់ព្រៃដើម្បីយកដីធ្វើកម្មសិទ្ធិនោះមិនមានការរារាំងពី អាជ្ញាធរទេដោយគេចោទប្រកាន់ថាមានមេភូមិខ្លះនិងមេឃុំស្រយង់ផង ទាក់ទិននឹងការលក់ដីព្រៃនិងចុះហត្ថលេខាដើម្បីអនុញ្ញាតឲ្យអ្នក ចំណូលថ្មីមកតាំងទីលំនៅ ៖ «២០០ - ៣០០ហិកតារ វាកាប់ច្រើនណាស់។ ព្រៃជ្រៅកាប់ចោល រំលំចោលដុតឲ្យវាលទៅ។ ឈើស្ដាយដែរ វាអារម៉ាស៊ីនង៉ោងៗ»។
មេឃុំស្រយង់ លោក សាត់ ស៊ី មិនបានបដិសេធចោលចំពោះការដែលថា លោកបានចុះហត្ថលេខាជាបន្តបន្ទាប់នោះទេដោយលោកមានប្រសាសន៍ថា មានប្រជាពលរដ្ឋក្រីក្រមកពីទីផ្សេងទៅរស់នៅទីនោះ ដូច្នេះលោកទទួលស្គាល់ថាមានការកាប់បំផ្លាញព្រៃឈើខ្លះដើម្បីយកដី ហើយតួនាទីបង្រ្កាបការកាប់បំផ្លាញព្រៃឈើនោះមិនមែនឃុំទេគឺជា តួនាទីរបស់មន្ត្រីរដ្ឋបាលព្រៃឈើ។
លោក សាត់ ស៊ី បានមានប្រសាសន៍ថា ៖ «ប្រជាពលរដ្ឋអ្នកខ្វះខាតតែងតែមកហើយ មិនដឹងធ្វើម៉េចទេ បើយើងមិនចុះហត្ថលេខា យើងមានអ្វីដំណោះស្រាយឲ្យគេ»។
ទោះយ៉ាងណាមិនអាចស្វែងរកការជួបបំភ្លឺបានជុំវិញបញ្ហានេះពីមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំតំបន់នោះបានទេ។
ចំណេកមន្ត្រីយោធានៃកងពលលេខ៤១ដែលមានតួនាទីបង្រ្កាបការបំផ្លាញ ព្រៃឈើក្នុងតំបន់នោះ លោក ឈិត សំអាត បានមានប្រសាសន៍ថា ស្ទើរតែជារៀងរាល់ថ្ងៃមានមនុស្សចំណូលថ្មីជាច្រើនមកពីខេត្ត មួយចំនួនដូចជាខេត្តកំពង់ធំ ខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម តាកែវនិងខេត្តសៀមរាបជាដើមកំពុងចូលទៅតំបន់នោះដើម្បីកាប់បំផ្លាញ ព្រៃឈើយកដីជាកម្មសិទ្ធិដោយមានការលក់ដូរពីក្រុមអាជ្ញាធរ មូលដ្ឋានខ្លះ ហើយក្រុមរបស់លោកមិនអាចបង្រ្កាបបានទេដោយសារអ្នកបំផ្លាញមានគ្នា រាប់រយនាក់និងអ្នកបង្រ្កាបមានគ្នាតិច។
មន្ត្រីយោធាដដែលបានឲ្យដឹងថា តំបន់ព្រៃការពារនិងព្រៃជម្រកសត្វជាច្រើនរយហិកតារកំពុងទទួលរងការកាប់បំផ្លាញ ៖ «គេ កាប់ទន្រ្ទានព្រៃធ្វើស្រែធ្វើចម្ការ។ ឥឡូវហ្នឹងឈានដល់មួយប្លង់ ៣០ម៉ឺន មួយប្លង់ ១០០ដុល្លារ គេយកតែសំបុត្រមូលដ្ឋានមកបង្ហាញថាមូលដ្ឋានឲ្យធ្វើ។ នៅតំបន់ខ្នាតផ្អែកនេះមួយតំបន់ ហើយតំបន់អូររូង»។
សូមរំឭកថា កាលពីឆ្នាំ២០០៧អភិបាលរងខេត្តព្រះវិហារមួយរូបត្រូវបានចាប់ខ្លួន ទាក់ទិននិងការចោទប្រកាន់រឿងកាប់បំផ្លាញព្រៃឈើដើម្បីយកដីដូច គ្នានេះ ហើយប្រជាពលរដ្ឋ២នាក់និងកងទាហាន២នាក់ផ្សេងទៀតក៏ត្រូវបានចាប់ ខ្លួនបញ្ជូនទៅតុលាការពីបទកាប់បំផ្លាញព្រៃឈើដែនជម្រកសត្វព្រៃ គូលេនព្រហ្មទេពផងដែរ៕