ពង្សាវតារ​ខ្មែរ វគ្គ៖ នាងនាគ និង ព្រះថោងទាំងពីរព្រះអង្គ (ជំលោះ និងសេចក្តីស្នេហា)

អ្នក​ប្រវត្តិវិទូ​ជឿ​ថា​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ដើម​សតវត្សរ៍​ទី​១​នៃ​គ្រិស្តសករាជ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ជា​ប្រទេស​ចំណាស់​ជាង​គេ​នៅ​ក្នុង​តំបន់​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​។ ការ​ចាប់​ផ្ដើម​ទំព័រ​ប្រវត្តិ​សាស្ត្រ​នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​យើង​ជា​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ដឹង​ពី​បទដ្ឋាន​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា ស្ថានភាព​នយោបាយ និង​រចនា​សម្ព័ន្ធ​សង្គម​បាន​យ៉ាង​ប្រសើរ។ សូមអនុញ្ញាត​ឲ្យ​ខ្ញុំ​សួរ​សំនួរ​មួយ​ទៅ​កាន់​អ្នក។ តើ​អ្នក​ធ្លាប់​ធ្វើ​ជា​តំណាង​ស្ដេច​ដំបូង​របស់​កម្ពុជា​ដែរ​ឬទេ? រឿង​និទាន​មួយ​បាន​តំណាល​ថា មាន​បុត្រី​ស្ដេច​នាគ​មួយ​អង្គ ព្រះនាម នាង​នាគ។ ព្រះនាង តែងតែ​យាង​មក​កម្សាន្ត​នៅ​លើ​កោះ​​ដែល​មាន​ដើម​ធ្លក​មួយ​ដើម​ដុះ​នៅ​លើ​កោះ​នោះ។ ចៃដន្យ​ពេល​ព្រះ​នាង​យាង​មក​លេង​ដូច​សព្វ​មួយ​ដង​ តែចៃដន្យលើកនេះព្រះ​នាង​ក៏​ពើត​ប្រទះ​នឹង​បុត្រា​មួយ​ព្រះអង្គ​ព្រះ​នាម ព្រះថោង យាង​មក​ពី​ប្រទេស​ចម្ងាយ ពួកគេ​ក៏​បាន​ប្រទាក់​ចិត្ត​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ ដើម្បី​រស់នៅ​ជាមួយ​គ្នា​បាន​បុត្រី​ស្ដេច​នាគ​ក៏​ថ្វាយ​យោបល់​ទៅ​ព្រះថោង​​ថា សូម​ព្រះអង្គ​តោង​កន្ទុយ​របស់​ទូល​ព្រះ​បង្គំ​ឲ្យ​ជាប់ ទួល​ព្រះ​បង្គំ​នឹង​យាង​ព្រះអង្គ​ទៅ​គាល់​ព្រះ​មាតា និង​បិតា​ដែល​គង់​នៅ​ឋាន​ភុជង្គនាគ(ឋាន​ស្ថិត​នៅ​ក្រោម​បាត​សមុទ្រ គេ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ឋាន​បដា)។ ក្រោយ​ពេល​ដែល​ព្រះអង្គ​ទាំងពីរ​បាន​ទូល​ថ្វាយ​នូវ​ព្រះ​រាជ​បំណងដល់ព្រះ​មាតា​ និង​បិតា​របស់ទ្រង់ហើយ ​ព្រះអង្គទាំងទ្វេរ​ដែល​ជា​ស្ដេច​នាគ​ក៏​សព្វ​ព្រះរាជ​ហរទ័យ​សម្រេចតាម​បុត្រ​ទាំង​ពីរជាមួយនឹងលក្ខ័ណមួយគឺចាប់តាំងពីព្រះនាងរៀបអភិសេតរួមរស់នឹងព្រះថោងព្រះនាងនឹងមិនអាចក្លាយ​ជា​មនុស្សា​ធម្មតា​ និងអាចប្រែក្លាយជានាគវិញឡើយ​។ នេះ​គឺជា​អ្វី​ដែល​ព្រះនាង​នាគ​ត្រូវ​លះ​បង់។ តែ​ទោះជា​យ៉ាង​ណា​ព្រះនាង​គោរព​ទៅ​តាម​ការ​សម្រេច​ព្រះទ័យ​របស់​ព្រះនាង​និង​ព្រះថោង​ដែល​ព្រមព្រៀង​គ្នា​រួចមក​ហើយ​​មុន​ពេល​យាង​មក​ដល់​និង​ដឹង​រឿងរ៉ាវ​ទាំងនេះ។ បន្ទាប់​ពី​ព្រះ​សន្តាប់ការ​សម្រេច​ព្រះទ័យ​របស់​ព្រះនាង​នាគ​រួចមក ស្ដេច​នាគ​ក៏​ព្រះរាជតម្រិះរៀប​អភិសេក​​រវាង​ព្រះ​នាង​​នាគ​​ជា​បុត្រី​បង្កើត​ថ្វាយ​ព្រះ​ថោង​​ និងបាន​បូម​ទឹក​សមុទ្រ​ជុំ​​វិញ​កោះ​ដែល​មាន​ដើម​ធ្លក​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​នគរ​មួយ​ទុក​ជា​ចំណង​ដៃ​សម្រាប់​បុត្រ​ទាំង​ពីរ​ធ្វើ​ការ​គ្រប់គ្រង។ ព្រះអង្គ​ទាំងពីរ​បាន​សព្វ​ព្រះ​រាជ​ហរទ័យ​ដាក់​ឈ្មោះ​នគរ​នោះ​ថា​ «នគរ​គោក​ធ្លក»។
សម្រាប់រឿងនេះបើតាមការវិភាគរបស់ខ្ញុំ ព្រះនាងនាគមើលទៅមានអត្តចរិកទោទន់យកស្នេហាជាធំ នេះប្រហែលជាកំណែរដែលកើតឡើងនៅពេលដែលខ្មែរចុះខ្សោយដែលប្រហែលជាបានទទួលឥទ្ធិពលពីសៀម ដែលយើងអាចសំគាល់ព្រះនាមរបស់ព្រះថោង ដែលមានន័យថា «មាស» ជាភាសាសៀម។  តែយើងក៏ឃើញមានកំណែផ្សេងទៀតដែលនិយាយពីការប្រយុទ្ធគ្នារវាងព្រះថោង នាងនាគ រហូតព្រះថោងទាញធ្នូទិព្វ (អំនោយរបស់ព្រះអទិទេព) បាញ់ធ្លាយសំពៅនាងនាគហើយព្រះអង្គទាំងពីរក៏រៀបអភិសេកនឹងគ្នាទៅ។ នៅក្នុងកំណែរនេះយើងឃើញភាពផ្ទុយគ្នាវិញដែលព្រះនាងនាគ មានចឫកក្លៀវក្លា ជាអ្នកដឹកនាំនគរមួយដែលមានដែនអធិប្បតេយ្យភាពច្បាស់លាស់មិនអាចរំលោភបាន។ ប្រហាក់ប្រហែលនឹងកំណែរនេះដែលយើងក៏អាចប្រៀបធៀបនឹងកំណត់ត្រាចិនលាំងឝ៊ូក 梁書 (ក្រាំងលាំង) ដោយលោកយ៉ោវ-ឆា 姚察 (៥៣៣-៦០៦) និង យ៉ោវ-ស៊ឺកលៀន姚思廉 (ម.៦៣៧) បានបញ្ចប់នៅឆ្នាំ ៦៣៦ បញ្ជាក់ថាគណៈទូតនៃពួកបេសកជនចិន លោកខាំង-ថែយ 康泰 និង ជូក-យិន (Zhū Yīng 朱應)​ ដែលនិយាយពីដើមកំណើតនគរភ្នំគឺក្នុងកំណត់ត្រានោះគឺនិយាយរំលឹកដល់ហេតុការណ៍ដែលបានកើតឡើងនៅរវាងសតវត្សទី៣ និយាយដល់ព្រះថោងទី២ ទីកោណ្ឌិនដែលមកដល់ក្រោយមកទៀតនៅសតវត្សទី៣ នៃគ្រិស្តសករាជបែបទេវកថា មានលក្ខណៈស៊ីគ្នាទៅនឹងសិលាចារឹកដែលចារក្រោយៗមកទៀត ទេវកថានោះមានតំណើរសង្ខេបថា៖
«ឈ្ហាំវឆ្ហឹនយូ (កៅណ្ឌិន្យ) គឺជាអ្នកស្នងរាជ្យបន្តនៃព្រះបាទស្រុតវម៌្ម រឺ ធៀនជូចាន់ថាន់ 天竺旃檀 (“ឆានតាណា រឺ Candana មកពីឥណ្ឌា”) ជាព្រះរាជាមួយអង្គនៃនគរវ្នំ ដែលបានបញ្ជូនដំរីផ្សាំងមួយចំនួនក្នុងឆ្នាំ ៣៥៧ គ.ស. ជាសួយសារទៅព្រះចៅអធិរាជចិនស៊ឺម៉ា-តាន់ 司馬聃 (រ.៣៤៤-៣៦១ ឈ្មោះជាអនុស្សាវរីយ៍៖ មូទី 穆帝)៖ ព្រះអង្គកៅណ្ឌិន្យ រឺ ឈ្ហាំវឆ្ហឹនយូ[Qiáochénrú]ដើមឡើយជាព្រាហ្មណ៍ម្នាក់មកពីឥណ្ឌា។ មានសំឡេងមួយប្រាប់ទ្រង់ថា៖ʻលោកត្រូវតែទៅសោយរាជ្យនៅវ្នំʼ ហើយព្រះអង្គបានសប្បាយក្នុងព្រះហឫទ័យណាស់។ ទៅទិសខាងត្បូង ព្រះអង្គក៏បានមកដល់ផាន់ផាន់ 盤盤។ ប្រជារាស្ត្រវ្នំបានបង្ហាញទៅកាន់ទ្រង់ថា នគរទាំងមូលបានរះឡើងជាមួយភាពសប្បាយរីករាយ បន្ទាប់ពីទ្រង់បានមកដល់ ហើយក៏បានជ្រើសរើសទ្រង់ធ្វើជាស្ដេច។ ព្រះអង្គបានផ្លាស់ប្ដូរច្បាប់ទាំងអស់ ដើម្បីអនុលោមតាមប្រព័ន្ធនៃច្បាប់ឥណ្ឌា។»‌​

សរុបសេចក្តីមកដើមកំណើតរបស់យើងគឺកើតចេញពីការប្រែក្លាយជំលោះមកជាក្តីស្នេហា ដែលអាចបង្កើតបានសេចក្តីសុខពិតប្រាកដរបស់មនុស្សជាតិ។ រឿងរ៉ាវជាន់គ្នាកើតឡើងនៅសតវត្សទី១ និងទី៣ បង្ហាញពីការបង្កើតរាជរង្សដឹកនាំពីរដែលយកព្រះនាងនាគជាម្ចាស់ស្រុកជាគោល។ បង្កើតបានជា សោមវង្ស នៃកោណ្ឌិនទី១ និងសូរ្យវង្ស នៃកោណ្ឌិនទី២។

អត្ថបទ​ដោយ៖ ឥលិហ្សូវណ្ណ ច័ន្ទរស្មី

2 thoughts on “ពង្សាវតារ​ខ្មែរ វគ្គ៖ នាងនាគ និង ព្រះថោងទាំងពីរព្រះអង្គ (ជំលោះ និងសេចក្តីស្នេហា)

Add yours

  1. តើ​នរណា​ដឹង? រឿង​នេះ​កន្លង​ទៅ​យូរ​ណាស់​ទៅ​ហើយ គិត​ទៅ​២ពាន់​ឆ្នាំ​ឯណុះ។
    តែ​បើ​យើង​ពិនិត្យ​មើល​ខ្មែរ​ ឥលូវ​វិញ។ បើ​ខ្មែរ​ម្នាក់​ទៅ​នៅ​បរទេស​ តើ​គេ​អាច​បំភ្លេច​សារជាតិ​ខ្លួន​ជា​ខ្មែរ​បាន​ដែរ​រឺ​ទេ? សំនួរ​នេះ​គឺ​ដូច​គ្នា​នឹង​នាង​នាគ ដែល​មក​រស់​នៅ​ដែន​គោក រស់​នៅ​បែប​មនុស្ស ខុស​ពី​លក្ខណៈ​ដើ​ម​របស់​ខ្លួន ប្រៀប​ដូច​មនុស្ស​ឥលូវ​ទៅ​រស់​នៅ​បរទេស​ដែរ។
    អ្នក​ខ្លះ​ទៅ​ចិត្ត​គំនិត​នៅ​តែ​ខ្មែរ​ដដែល ទោះ​បី​ទៅ​រស់​នៅ​ស្រុក​គេ​រហូត​ដល់​ស្លាប់​ក៏​ដោយ។ ខ្លះ​ទៀត​នៅ​ស្រុក​គេ​មិន​ទាន់បាន​អី​ផង ធ្វើ​ជា​ភ្លេច​ស្រុក​ខ្មែរ​អស់ ពេល​ត្រលប់​មក​ស្រុក​ខ្លួន​វិញ ស្រែក​ថា​ក្តៅ មិន​ចេះ​រស់ ភ្លេច​ពាក្យ​ខ្មែរ និយាយ​ខ្មែរ​មិន​ចេញ (តាម​ពិត​ទៅ​នោះ និយាយ​ភាសា​គេ​មិន​ទាំង​ត្រូវ​ជ្រុង​ផង)។ ខ្លះ​ថា​ខ្លាច​ចោរ​ប្លន់ អត់​សុវត្ថិភាព។ ដូច្នេះ​វា​អាស្រ័យ​លើ​មនុស្សម្នាក់​ៗ ប៉ុណ្ណោះ។
    នាង​នាគ យើង​មិន​ដែល​ឃើញ​ផង។ ខ្ញុំ​មិន​ដែល​លឺ​គេ​និយាយ​ពី​ការ​ប្រព្រឹត្ត​របស់​នាង ក្រោយ​រៀបការ​យ៉ាង​ម៉េច​ផង។ ធ្វើ​ម៉េច​យើង​ដឹង​ថានាង​ភ្លេច​សារជាតិ​ខ្លួនរឺ​អត់​​ទៅ?។

  2. បាទពិតមែនហើយវិចិត្រ ទោះបីជានៅពេលណាទីកន្លែងណា កាលៈទេសៈ​បែបណា​បើយើងអាចរក្សាអត្តសញ្ញាណ្ណ ខ្លួនឯងបានពិតជាល្អណាស់! គួរឲ្យស្ងើចសរសើរ! តែ​ជា​អកុសល​ក៏​មាន​អ្នក​មួយ​ចំនួន​ពួកគាត់​មាន​ការយល់​ឃើញខុសពីនេះ ខ្ញុំ​ក៏មាន​ការ​សោកស្តាយ​ណាស់​ដែរ​។ ពួកគាត់​គួរណាស់​តែ​យល់​ពីតំលៃខ្លួនឯងឲ្យបានច្រើនជាងអ្នកដ៏ទៃមើល​ឃើញ​ពីគាត់! រឿងបែប​នេះក៏កើតមានច្រើនណាស់ដែរចំពោះជាតិសាសន៌ដទៃទៀត ជាធម្មតា​មនុស្ស​បែបនេះរស់នៅរាយប៉ាយគ្រប់ទីកន្លែង តែខ្ញុំជឿថាមានមនុស្ស​ជាច្រើនទៀត​គាត់មានការយល់ឃើញប្រសើរជាងពួកគាត់មួយចំនួនតូចនេះ។
    ពិតមែនតែរឿងរ៉ាវរបស់ព្រះនាងនាគ មានអាយុជាង២ពាន់ឆ្នាំមកហើយ ប៉ុន្តែ​ភាព​អស្ចារ្យរ៌​របស់​ព្រះនាង​ត្រូវ​បាន​ប្រជាជន​ខ្មែរ​គ្រប់​គ្នា​ចង់​ចាំ​ទុក និង​តំនាល​តៗ​ គ្នាពីមួយជំនាន់ទៅមួយជំនាន់។ ខុស​គ្នា​ពីខ្ញុំ​ដែល​ស៊ឹង​តែ​មិន​ដឹង​អ្វី​សោះ​អំពី​រឿង​រ៉ាវ​របស់​តាតួត​របស់ខ្ញុំ។ ប្រជាជនខ្មែរជឿថានេះ​ជាដើមកំណើត​ពី​ពង្សាវតារ​របស់គាត់។ ដូចនេះហើយទើបខ្មែរយើងយកនាគជាធំចំបង​នៅក្នុងខឿនវប្បធម៌។ ក្រឡេកមើលឲ្យជ្រៅជាងនេះ ខ្មែរបានហៅខ្លួនឯង​ថាជានាគ ដូចសៀម​បានហៅ​ខ្លួនឯង​ថា​ជា​គ្រុន​ចាំ​បង្រ្កាប​នាគ ប៉ុន្តែ​ពួកគេ​ភ្លេចខ្លួនយកនាគយកទៅយាមវត្តរបស់គេដូចខ្មែរដែរ។ 😉 គេដឹងឬធ្វើមិនដឹង ខ្ញុំនេះក៏មិនអាចអធិប្បាយបានច្រើនដែរ ព្រោះមិនមែនជាអ្នកជំនាញ​ខាង​វប្បធម៌​សៀម តែគ្រាន់តែដឹងខ្លះ នឹងយកមកពិចារណា! ជា​ចម្លើយ​​​ដែល​​​​ល្អ​ដែលថា វិចត្រមិនដែលលឺពីការនិយាយអំពីចិត្តគំនិតរបស់ព្រះនាង ព្រោះ​តាម​ការឆ្លងកាត់មើលសៀវភៅមួយចំនួនរបស់ខ្ញុំទាំងសរសេរដោយជនជាតិខ្មែរ និងបរទេសក៏មិនលឺនិយាយពីរឿងនេះ។ ខ្ញុំយល់ថាដល់​ចំនុចនេះ​វាហាក់​ដូច​ជា​ស៊ីជំរៅខ្លាំងពេក តែវាពិតជាគួរចាប់​អារម្មណ៍មែនទែន​ប្រសិនបើយើង​លើកយក​ផ្នែកនេះមកវែកយ៉ែក។ ពេលខ្លះខ្លុំគ្រាន់តែឆ្លល់អំពី ហេតុអ្វី​បែប​នេះ​ឬបែបនោះ! នឹងសម្លឹងមកមើលតថភាពពិត។ គិតទៅពិតជាគួរឲ្យចាប់​អារម្មណ៍​ណាស់​! ហេតុនេះខ្ញុំក៏ចង់ដឹងថា តើយុវវ័យដទៃទៀតយល់យ៉ាងណាដែរ។ រួចមកខ្ញុំនឹងបកស្រាយបន្ត! ឥឡូវវាវែងបន្តិចហើយសុំស្លេសសិន​ណា៎….

បញ្ចេញមតិ

ប្លក់​នៅ WordPress.com.

ទៅលើ ↑